សុន្ទរកថាស្វាគមន៍

Visit Siem Reap > សុន្ទរកថាស្វាគមន៍

សុន្ទរកថាស្វាគមន៍របស់អភិបាលខេត្ត

Visit Siem Reap > សុន្ទរកថាស្វាគមន៍

សុន្ទរកថាស្វាគមន៍របស់ លោក បណ្ឌិត ឃឹម ប៊ុនសុង​​​​ អភិបាលខេត្តសៀមរាប

ខ្ញុំមានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង   ដែលបានស្វាគមន៍អ្នកមកកាន់គេហទំព័រ   សៀមរាបក្រៅពីប្រាសាទ  ដែលជាគេហទំព័រមួយសម្រាប់ចង្អុលបង្ហាញដល់ភ្ញៀវទេសចរជាតិ​​​-អន្តរជាតិនូវកន្លែងកម្សាន្តជាច្រើនបែប​​សហគមន៍ទេសចរណ៍ អេកូ-ទេសចរណ៍   ទេសចរណ៍បែបផ្សងព្រេង    និងជាពិសេសបង្ហាញពីប្រពៃណីទំនៀមទំលាប់នៃការរស់នៅរបស់ប្រជាជនខ្មែរនៅតាមសហគមន៍នានាក្នុងខេត្តសៀមរាប  ។

ខេត្តសៀមរាប     ជាតំបន់ប៉ូលទេសចរណ៍មួយដ៏សំខាន់នៅក្នុងព្រះរាជាណាចក្រកម្ពុជា   ជាតំបន់ដែលមានសក្តានុពលទេសចរណ៍ទាំងវប្បធម៌     និងធម្មជាតិ ។     ក្រៅអំពីការទស្សនាប្រាង្គបា្រសាទនានាជាច្រើន   ជាពិសេសប្រាសាទអង្គរវត្តដែលជាវិមានសាសនាដ៏ធំបំផុត និងជាផ្នែកមួយនៃអច្ឆរិយវត្ថុស្ថាបត្យកម្មរបស់ពិភពលោក      យើងនៅមានតំបន់ទេសចរណ៍ជាច្រើនផ្សេងទៀតដូចជាបឹងទន្លេសាបដែលជាបឹងដ៏ធំមួយនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ការទស្សនាសកម្មភាពផ្សេងៗនៅតាមសហគមន៍ទេសចរណ៍ និងអេកូ-ទេសចរណ៍។

ការអភិវឌ្ឍនូវផលិតផលទេសចរណ៍ និងគោលដៅទេសចរណ៍ថ្មីៗនៅតំបន់ជុំវិញអង្គរ   គឺពិតជាបានផ្តល់ផលប្រយោជន៍ផ្នែកសេដ្ឋកិច្ច​សង្គម   ផ្តល់នូវការងារដោយផ្ទាល់ដល់ប្រជាពលរដ្ឋ    កាត់បន្ថយនូវការធ្វើចំណាក ស្រុក និងបានចូលរួមកាត់បន្ថយភាពក្រីក្រតាមរយៈទេសចរណ៍ផងដែរ ។

សៀមរាបក្រៅពីប្រាសាទ នឹងនាំទេសចរទាំងឡាយឲ្យស្គាល់ពីជីវភាពរស់នៅពិតៗរបស់ប្រជាជនកម្ពុជា   ការស្នាក់នៅផ្ទាល់ជាមួយប្រជាជន​ ដើរកម្សាន្តក្នុងព្រៃសហគមន៍ជាពិសេសព្រៃកោងកាងទឹកសាបដ៏ស្រស់ស្អាត​ការជិះរទេះគោ  ជិះទូកកម្សាន្ត  និងទស្សនាផ្ទះបណ្តែតនៅបឹងទន្លេសាប​   ទស្សនាព្រៃលិចទឹក  ទស្សនាសត្វស្លាបទឹក ការស្នាក់នៅជាមួយប្រជាជននៅតាមសហគមន៍ ការបោះតង់…. ។

ការចូលរួមរបស់ភ្ញៀវទេសចរទៅកាន់តំបន់សហគមន៍ទេសចរណ៍  អេកូ-ទេសចរណ៍   គឺជាជោគជ័យមួយដ៏ត្រចះត្រចង់នៃសហគមន៍ទេសចរណ៍ទាំងនោះ       ដែលបានប្រែក្លាយតំបន់ទាំងនោះឲ្យទៅជាតំបន់មានការអភិវឌ្ឍ និងប្រែក្លាយធនធានផ្សេងៗទៅជាផលិតផលទេសចរណ៍ដ៏ទាក់ទាញ  ជាពិសេសបានប្រែក្លាយទម្លាប់​នៃការកាប់បំផ្លាញព្រៃឈើ    ការបរបាញ់សត្វព្រៃ    ទៅជាមគ្គុទ្ទេសក៍ទេសចរណ៍    ឬជាអ្នកឧទ្ទេសនាំភ្ញៀវ       ទស្សនាព្រៃ និងសត្វព្រៃ…។

ក្នុងនាមប្រជាជនទាំងអស់   ​ ខ្ញុំនឹងទន្ទឹងរង់ចាំស្វាគមន៍អ្នកមកកាន់សហគមន៍ទេសចរណ៍    អេកូ-ទេសចរណ៍ហើយខ្ញុំជឿជាក់ថាអ្នកនឹងរីករាយក្នុងការទស្សនា និងការស្នាក់នៅក្នុងសហគមន៍ទេសចរណ៍របស់យើង។

 

សូមជូនពរលោក លោកស្រីជួបពុទ្ធពរ៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពាលៈ កុំបីឃ្លៀងឃ្លាតឡើយ

លោក បណ្ឌិត ឃឹម ប៊ុនសុង​​​​ អភិបាលខេត្តសៀមរាប